News Local Area

  1. កាសែតដើមអម្ពិល​​

  2.   វិទ្យុអាស៊ីសេរី

កិច្ច​ប្រជុំ​បញ្ហា​ព្រំដែន​ខ្មែរ-​ថៃ​នៅ​ឥណ្ឌូណេស៊ី​បរាជ័យ

2011-04-09
មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ប្រទេស​ឥណ្ឌូណេស៊ី រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ បាន​បរាជ័យ​ហើយ។
AFP PHOTO / ADEK BERRY
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) [ស្ដាំ] ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​បូហ្គ័រ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១១។ ឥណ្ឌូណេស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​ព្រំដែន​ខ្មែរ-​ថៃ រយៈ​ពេល​២​ថ្ងៃ។
ការ​បរាជ័យ​ក្នុង​ការ​សម្របសម្រួល​បញ្ហា​ព្រំដែន​នេះ បណ្ដាល​មក​ពី​ភាគី​ថៃ បដិសេធ​មិន​ព្រម​ឲ្យ​មាន​ដំណើរការ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​តំបន់​ជម្លោះ​ ក្បែរ​ប្រាសាទ​ព្រះវិហារ។
លោក កុយ គួង បាន​ប្រកាស​ថា កម្ពុជា​នឹង​ស្វែង​រក​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ដើម្បី​បញ្ចប់​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ ក្រោយ​ពេល​កិច្ច​ប្រជុំ​ព្រំដែន​នៅ​ឥណ្ឌូណេស៊ី បាន​ជួប​ភាព​ទាល់ច្រក​សា​ជា​ថ្មី​ម្ដង​ទៀត។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បញ្ជាក់​ថា សេចក្ដី​សម្រេច​តុលាការ​ដែល​មាន​ការ​គាំទ្រ​ភាគ​ច្រើន កាល​ពី​ថ្ងៃ​ទី​១៥ ​មិថុនា ឆ្នាំ​១៩៦២ បាន​កំណត់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា ហើយ​ក៏​​បាន​បញ្ជា​ឲ្យ​ថៃ ដក​កងទ័ព ឬ​ក៏​ប៉ូលិស​ខ្លួន ចេញ​ពី​ប្រាសាទ និង​តំបន់​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ​ដែរ។

វត្តមាន​បេសកជន​យូណេស្កូ​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​កម្ពុជា?

2011-03-02
តើ​ការ​ពិភាក្សា​រវាង​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ (UNESCO) និង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ផលប្រយោជន៍​សម្រាប់​កម្ពុជា យ៉ាង​ណា​ខ្លះ?

RFA/Sok Serey
បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ (UNESCO) លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១១។
មន្ត្រី​សង្គម​ស៊ីវិល អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​ របស់​អង្គការ​យូណេស្កូ​មក​កម្ពុជា ស្រប​ពេល​ដែល​ប្រាសាទ​ព្រះវិហារ​ខ្មែរ ស្ថិត​នៅ​មាត់​ច្រក​នៃ​ភ្លើង​សង្គ្រាម​ព្រំដែន​ខ្មែរ-​ថៃ។
ក្រុម​អ្នក​តាមដាន​ស្ថានភាព​ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​សម្ដែង​ការ​យល់​ឃើញ​ថា វត្តមាន​របស់​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) នៅ​ពេល​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា គឺ​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ដល់​កម្ពុជា ឬ​ធ្វើ​ឲ្យ​កម្ពុជា មាន​ប្រៀប​លើ​ភាគី​ថៃ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ខ្មែរ-​ថៃ និង​កិច្ច​ការពារ​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​ភាគី​ថៃ ចិញ្ចឹម​ចិត្ត​ចង់​ដណ្ដើម​កាន់កាប់ និង​ជា​ចំណុច​បង្ក​ជម្លោះ​ព្រំដែន។
តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ទោះ​បី​លទ្ធផល​មិន​បាន​ដូច​ការ​ដែល​ពលរដ្ឋ​កម្ពុជា រំពឹង​ទុក​ក្ដី ដូចជា​ករណី​លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា មិន​បាន​ទៅ​មើល​ការ​ខូចខាត​នៅ​ប្រាសាទ​ព្រះវិហារ​ផ្ទាល់​តាម​ការ​គ្រោង​ទុក​ ជាដើម ប៉ុន្តែ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​បាន​ផ្ដល់​សារសំខាន់​ដល់​កម្ពុជា ក្នុង​ការ​សម្រប​សម្រួល​ទាក់ទិន​ករណី​ដោះស្រាយ​ជម្លោះ​ថៃ ឈ្លាន​ពាន​មក​លើ​កម្ពុជា ក៏​ដូចជា​ករណី​ស្វែង​រក​ការ​ពិត​ដែល​ថៃ បាន​បាញ់​ផ្លោង​ដោយ​អាវុធ​ធុន​តូច និង​ធំ​មក​លើ​ប្រាសាទ​ព្រះវិហារ បណ្ដាល​ឲ្យ​ប៉ះពាល់​ខូចខាត​ប្រាសាទ​យ៉ាង​ដំណំ។
លោក រ៉ុង ឈុន បន្ថែម​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា តំណាង​យូណេស្កូ ត្រូវ​តែ​ចាប់​បង្ខំ ទី​១ គឺ​បង្ខំ​ឲ្យ​បញ្ឈប់​វាយ​ប្រហារ​ប្រាសាទ​ព្រះវិហារ ក៏​ដូចជា​វាយ​ប្រហារ​កម្ពុជា និង​ត្រូវ​តែ​បង្ខំ​ឲ្យ​ភាគី​សៀម ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត និង​ត្រូវ​តែ​ធ្វើការ​អភិវឌ្ឍន៍​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ»
លោក​បន្ត​ថា តំណាង​យូណេស្កូ ក៏​ជា​សាក្សី​សំខាន់​ក្នុង​ការ​បង្ហាញ​នូវ​ភស្តុតាង​ទៅ​ដល់​មជ្ឈដ្ឋាន​ អន្តរជាតិ ឲ្យ​គេ​យល់​ច្បាស់​អំពី​ជម្លោះ​ខ្មែរ-​ថៃ​នេះ។
លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ដែរ​ថា លោក​បាន​កត់​សម្គាល់​ឃើញ​នូវ​ចំណុច​៣​ដែល​ជា​ផ្លែផ្កា​ល្អ ជា​ប្រយោជន៍​សម្រាប់​កម្ពុជា ក្រោយ​ពី​មាន​វត្តមាន​របស់​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ​មក​កម្ពុជា ៖ «១​សំណើ​របស់​ទីក្រុង​បាងកក យើង​ឃើញ​ថា គឺ​ស្នើ​ឲ្យ​អង្គការ​យូណេស្កូ ដក​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​បេតិកភណ្ឌ​ពិភពលោក ហើយ​យូណេស្កូ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គេ​មិន​អាច​ដក​ប្រាសាទ​ចេញ​ពី​បេតិកភណ្ឌ​ពិភពលោក​បាន​ទេ ហើយ​ទី​ពីរ យូណេស្កូ​បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​បរិបទ​សម្បត្តិ​វប្បធម៌​មនុស្ស​លោក»
លោក​សង្កេត​ឃើញ​ទៀត​ថា ការ​ដោះស្រាយ​របស់​យូណេស្កូ មាន​ភាព​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដូចជា​ករណី​មិន​លើក​បញ្ហា​ដាក់​បន្ទុក​ភ្លាមៗ​ទៅ​ភាគី​ទី​២ ដោយ​មិន​ដាក់​អ្នក​ជំនាញ​ទៅ​ត្រួត​ពិនិត្យ​ការ​ខូចខាត​ប្រាសាទ​ភ្លាមៗ ដើម្បី​បំបាក់​ដៃគូ​ជម្លោះ​ម្ខាង​ទៀត​ទេ តែ​គេ​មាន​គម្រោង​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ​​ ដែល​មាន​តំណាង​ជាន់​ខ្ពស់​របស់​អង្គការ​យូណេស្កូ និង​មាន​ភាគី​ជម្លោះ​ចូល​រួម​ពិនិត្យ​ដោះស្រាយ ដើម្បី​បង្ហាញ​នូវ​ភាព​យុត្តិធម៌។
លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​បន្ត ៖ «គេ​ថា គេ​មិន​ចុះ​ទៅ​មើល​ទេ ប៉ុន្តែ​រឿង​នេះ​គេ​ដឹង​ច្បាស់​ណាស់ គ្រាន់តែ​ឯកសារ​មក​ដល់​ស្រុក​ខ្មែរ​ហ្នឹង គឺ​ខ្មែរ​គេ​បាន​យក​ទៅ​ឲ្យ​យូណេស្កូ​ហើយ ប៉ុន្តែ​គេ​មិន​អាច​និយាយ​បាន និង​ទៅ​មើល​ផ្ទាល់ បើ​មើល​ផ្ទាល់​ហាក់​ដូច​ជា​ផ្គើន ឬ​ផ្ចាញ់ផ្ចាល»
រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​២៨ កុម្ភៈ​ថា បេសកជន​របស់​អង្គការ​យូណេស្កូ មក​កម្ពុជា​នេះ គឺ​ផ្តោត​លើ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​ទេ ហើយ​អ្នក​ជំនាញ​ការ​ពិសេស​របស់​អង្គការ​យូណេស្កូ នឹង​មក​ដល់​ប្រាសាទ​ព្រះវិហារ ដើម្បី​វាយ​តម្លៃ​ការ​ខូចខាត​ក្នុង​រយៈពេល​ឆាប់ៗ​ខាង​មុខ ប៉ុន្តែ​អាស្រ័យ​លើ​ស្ថានភាព​ធូរស្រាល​នៅ​តំបន់​ព្រះវិហារ។
លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «ក្រោយ​ពេល​ដែល​អ្នក​សង្កេតការណ៍​ ឥណ្ឌូណេស៊ី ដែល​ចាត់​តាំង​ដោយ​អាស៊ាន​ហ្នឹង មក​ដល់​ពេល​ណា ក្រោយ​នោះ​ភ្លាម​គឺ​យូណេស្កូ ចាប់​ផ្ដើម​បញ្ជូន​អ្នក​ដែល​វាយ​តម្លៃ តើ​ការ​ខូចខាត​ហ្នឹង​មាន​ប៉ុណ្ណា? គឺ​ការ​ជួសជុល​ជា​បន្ទាន់​ភ្លាម ក្រោយ​ពេល​ដែល​មាន​ការ​វាយ​តម្លៃ​ថា ប្រាសាទ​ហ្នឹង​ខូច​ខាត​អស់​ប៉ុន្មាន​ភាគរយ? ហើយ​ជ្រើសរើស​អ្នក​ដែល​ជំនាញ​ខាង​ការ​ជួសជុល​ប្រាសាទ​មក​ជា​បន្ទាន់»
ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ក្រោយ​ពី​ជំនួប​ជាមួយ​លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា ថា ការ​បាញ់​ផ្លោង​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​ដោយ​ភាគី​ថៃ គឺ​បាន​រំលោភ​លើ​អនុសញ្ញា​ឆ្នាំ​១៩៥៤ របស់​អង្គការ​យូណេស្កូ ដែល​ជា​អ្នក​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
លោក សុខ អាន មាន​ប្រសាសន៍​ដោយ​ចោទ​ប្រកាន់​ថា ថៃ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សាសនា ប្រឆាំង​វប្បធម៌ ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​កន្លង​មក​នោះ ថៃ​បាន​បាញ់​សំដៅ​បំផ្លាញ​ប្រាសាទ វត្តអារាម​ខ្មែរ ដែល​ជា​ទី​សក្ការៈ​របស់​ពុទ្ធបរិស័ទ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ច្រើន ៖ «អ៊ីចឹង​នេះ​ជា​អំពើ​ឧក្រិដ្ឋកម្ម​យ៉ាង​ពិត​ប្រាកដ ដែល​ថៃ បាន​ប្រព្រឹត្ត»
លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រោយ​ការ​វាយ​តម្លៃ​ការ​ខូចខាត​ប្រាសាទ​ហើយ ជំហាន​ទី​ពីរ គេ​ត្រូវ​គិតគូរ​ពី​ការ​ទទួល​ខុស​ត្រូវ​ជា​អន្តរជាតិ ចំពោះ​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដូចជា​ប្រាសាទ​ព្រះវិហារ​ជា​ដើម​នេះ ៖ «មាន​ន័យ​ថា យូណេស្កូ​ត្រូវ​ដាក់​ផែនការ​ណា​មួយ​លើ​ភាគី​ថៃ ដែល​ថៃ បាន​ប្រើប្រាស់​កង​កម្លាំង​យោធា​មក​លើ​ទឹក​ដី​កម្ពុជា ពិសេស​មក​លើ​បេតិកភណ្ឌ​ពិភពលោក»
លោក ជុច ភឿន បាន​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​បាន​រង​ការ​បាញ់​ផ្លោង​ដោយ​កងទ័ព​ថៃ ចំនួន ៤១៤​គ្រាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ហើយ​លោក​បាន​វាយ​តម្លៃ​ថា ប្រាសាទ​ព្រះវិហារ​បាន​ទទួល​រង​ការ​ខូចខាត​ប្រមាណ​ពី ៧០% ទៅ ៨០% បើ​ទោះ​បី​គេ​ពុំ​ឃើញ​មាន​ការ​ដួល​រលំ​តួ​ប្រាសាទ​ធំ​ក៏ដោយ៕

សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​៣០០​នាក់​មក​ពី​ព្រៃវែង​ទស្សនា​គុក​ទួលស្លែង

2011-03-02
សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង ៣០០​នាក់​នៃ​ខេត្ត​ព្រៃវែង បាន​មក​ទស្សនា​គុក​ទួលស្លែង និង​សាលាក្ដី​ខ្មែរ​ក្រហម​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១។

RFA/Leng Maly
សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មក​ពី​ខេត្ត​ព្រៃវែង ឈរ​មើល​រូបថត​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១១។
មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ ដែល​ថ្លែង​នៅ​ឯ​បរិវេណ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ ថា ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​កិច្ច​សហការ​រវាង​សាលាក្ដី​ខ្មែរ​ក្រហម និង​សមាគម​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្នុង​ទិសដៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន​អំពី​ដំណើរការ​ជម្រះ​ក្ដី​លើ ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន ៥​រូប ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ។
លោក​បាន​ផ្តល់​សារសំខាន់​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នេះ​ដូច្នេះ ៖ «សំខាន់​បំផុត​គឺ​ការ​ផ្សព្វផ្សាយ​បន្ត នេះ​ជា​ចំណុច​សំខាន់។ យើង​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ផ្នែក​កិច្ចការ​សាធារណៈ​កន្លង​មក​មាន​ការ​ជ្រួតជ្រាប​ ផុលផុស​ណាស់ ប៉ុន្តែ​ឥឡូវ​នេះ គោលដៅ​នៃ​ការ​ផ្សព្វផ្សាយ​របស់​យើង គឺ​យើង​ជ្រើស​ឱ្យ​ពួកគាត់​ជា​អ្នក​ដែល​បន្ត​ផ្សព្វផ្សាយ​ពី​យើង ហើយ​គាត់​ជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រាល់ថ្ងៃ គឺ​ការ​ផ្សព្វផ្សាយ​យើង»
សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​មួយ​រូប ដែល​បាន​សម្លឹង​ពិនិត្យ​រូប​ថត​ពី​ផ្ទាំង​មួយ​ទៅ​ផ្ទាំង​មួយ​ទៀត គឺ​លោក ថោង លន់ បាន​អះអាង​ថា ប្អូន​ពៅ​របស់​លោក​មួយ​រូប​ឈ្មោះ ថោង រ៉េន ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​នាំ​យក​មក​សម្លាប់​នៅ​គុក​ទួល​ស្លែង​នេះ ៖ «ដែល ​ខ្ញុំ​មក​មើល​ហ្នឹង រូប​ហ្នឹង​គឺ​ប្អូន​តែម្ដង ប្រាកដ​ណាស់! ព្រោះ​បង​ប្អូន​ខ្ញុំ​មើល​មិន​សូវ​ច្រឡំ​ទេ រាង​ដូច​គ្នា​ទាំង​អស់ មុខ​មាត់​អី​ដូច​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​បង​គេ​បំផុត អាយុ ៧៤​ឆ្នាំ​ហើយ។ គាត់​នោះ​ប្អូន​ទី​៧។ បង​ប្អូន​ខ្ញុំ ៧​នាក់»
ភាគ​ច្រើន​នៃ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​មក​ទស្សនា​គុក​ទួលស្លែង បាន​ថ្លែង​ស្រដៀង​គ្នា​ថា មាន​ភាព​តក់ស្លុត​ចំពោះ​រូបភាព​ទារុណកម្ម​លើ​ជន​រង​គ្រោះ​ទាំង​នោះ។
សមាជិក​ក្រុមប្រឹក្សា​មួយ​រូប​ទៀត លោក ថែន សម័យ បញ្ចេញ​អារម្មណ៍​បន្ទាប់​ពី​ការ​ទស្សនា​ដូច្នេះ ៖ «តាម ​ខ្ញុំ​ឃើញ​រូប​ដែល​ពួក​ខ្មែរ​ក្រហម​ធ្វើ​ទារុណកម្ម​នេះ ខ្ញុំ​មាន​ការ​ក្រៀមក្រំ ក្ដុកក្ដួល​ក្នុង​អារម្មណ៍​ខ្លាំង​ណាស់ មិន​នឹក​ស្មាន​ថា ខ្មែរ​សម្លាប់​ជាតិ​ឯង​ដូច​នេះ​សោះ»
លោកស្រី ជឹម ស៊ីថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រៃឃ្នេស ស្រុក​មេសាង បន្ទរ​ដូច្នេះ ៖ «ឈឺ​ចាប់ ពុះ​កញ្ជ្រោល​ចង់​ហូរ​ទឹក​ភ្នែក ឃើញ​ទិដ្ឋភាព​ទាំង​អស់​នេះ គឺ​ជាក់ស្ដែង​មែន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ហ្នឹង»
សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជីផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង លោកស្រី ហ៊ុន ហៀក ថ្លែង​អំពី​អារម្មណ៍​ចំពោះ​ជន​រងគ្រោះ​ថា ៖ «ខ្ញុំ ​មិន​ដែល​ឃើញ​ទេ ទើប​នឹង​ឃើញ​ថ្ងៃ​នេះ​ទេ។ មក​ឃើញ​ជាក់ស្ដែង​គួរ​ឱ្យ​អាណិត​អាសូរ​បំផុត ហើយ​ក៏​មាន​ការ​ឈឺ​ចាប់។ ខ្ញុំ​ក៏​មាន​ការ​បាត់បង់​បង​ប្អូន គ្រួសារ គឺ​មា​របស់​ខ្ញុំ បងៗ​ក៏​បាត់​ច្រើន​ដែរ»
អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន ៤​រូប ដែល​មាន​លោក នួន ជា, ខៀវ សំផន, អៀង សារី និង​លោកស្រី អៀង ធីរិទ្ធ ជាប់​ចោទ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បាន​ប្រព្រឹត្ត​ឡើង​ចន្លោះ​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩។ ករណី​របស់​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន ៤​រូប​នេះ នឹង​ត្រូវ​គេ​លើក​យក​ទៅ​ជំនុំជម្រះ​នៅ​ខែ​ឧសភា ឬ មិថុនា ឆ្នាំ​២០១១​នេះ។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចំនួន​ជាង ៣០០​នាក់​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​សមាជិក​ទាំង​អស់​ចំនួន ៧៩២​នាក់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ដែល​នឹង​មក​ធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​តាម​ការ​ស្នើ​សុំ​របស់​សមាជិក​ ទាំង​នោះ។ សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចំនួន​ជាង ៣០០​នាក់ ក៏​បាន​ទៅ​ទស្សនា​សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១។
លោក​បន្ត​ថា ក្នុង​ទិសដៅ​ផ្សព្វផ្សាយ​ថ្មី​នេះ សាលាក្ដី​ខ្មែរ​ក្រហម​នឹង​បន្ត​កិច្ច​សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចំនួន ១១.៣៥៣​នាក់ នៅ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​បាន​មក​ទស្សនា​គុក​ទួលស្លែង និង​វាល​ពិឃាដ​ជើងឯក​គ្រប់ៗ​គ្នា៕

UNESCO៖ មិន​អាច​ដក​ប្រាសាទ​​ព្រះវិហារ​ចេញ​ពី​បញ្ជី​​​ពិភពលោក

2011-03-01
លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) តំណាង​ពិសេស​នៃ​អង្គការ​យូណេស្កូ (UNESCO) មាន​ប្រសាសន៍​ថា គេ​មិន​អាច​លុប​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​បញ្ជី​រាយ​នាម​បេតិកភណ្ឌ​ ពិភពលោក​នោះ​ឡើយ។

RFA/Uy Sophea
ប្រាសាទ​ព្រះវិហារ​ខ្មែរ​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ព្រះវិហារ រូប​ថត​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០០៩
លោក​បាន​ជម្រាប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ភាគី​ថៃ បាន​ស្នើ​ឲ្យ​ដក​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​ការ​ទទួល​ស្គាល់​ថា ជា​មរតក​វប្បធម៌​ពិភពលោក ប៉ុន្តែ​លោក​បាន​ជម្រាប​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ កាស៊ីត ភិរម្យ (Kasit Piromya) ថា គេ​មិន​ធ្វើ​ដូច្នោះ​បាន​ជា​ដាច់ខាត ដោយ​មធ្យោបាយ​ណា​ក៏ដោយ ព្រោះ​ថា ប្រាសាទ​ព្រះវិហារ គឺ​ជា​តម្លៃ​សកល​ដ៏​លេចធ្លោ៕

ខ្មែរ​ព្រម​ចរចា​ទ្វេភាគី​ជា​មួយ​ថៃ

2011-02-28
ភាគី​កម្ពុជា និង​ថៃ អាច​មាន​ការ​ជួប​ចរចា​ទ្វេភាគី​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ក្រោម​កិច្ច​សម្របសម្រួល​របស់​អង្គការ​យូណេស្កូ (UNESCO)។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​យក​សំណើ​របស់​បេសកជន​អង្គការ​យូណេស្កូ (UNESCO ) លោក កូអ៊ី ជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ដើម្បី​បើក​កិច្ច​ចរចា​ទ្វេភាគី រវាង​លោក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ជា​មួយ​សម​ភាគី​ថៃ គឺ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​បេតិកភណ្ឌ ផ្ដោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ។
ការ​ព្រមព្រៀង​ទទួល​យក​សំណើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ជា​មួយ​បេសកជន​របស់​អង្គការ​យូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា នៅ​ឯ​វិមាន​សន្តិភាព នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។
រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​នោះ​ថា ការ​ជួប​នោះ គឺ​មាន​ភាគី​យូណេស្កូ​ជា​សាក្សី ៖ "អ៊ីចឹង​យើង​ជួប​គ្នា​តាម​របៀប​ដែល​ មាន​ផ្លែ​ផ្កា មិន​មែន​យើង​ជួប​គ្នា​ដើម្បី​ឲ្យ​គេ​ប្រើប្រាស់​ក្នុង​ការ​អនុវត្ត​នយោបាយ​ បិទ​ទ្វា ថា​ខ្ញុំ​ជួប​ជា​មួយ​កម្ពុជា អ៊ីចឹង​អ្នក​ឯង​ចាំបាច់​មក​ធ្វើ​អ្វី​ទៀត? មិន​មែន​ជួប​ក្នុង​របៀប​ហ្នឹង​ទេ។ គឺ​អាច​ជួប​គ្នា​នៅ​ទីស្នាក់ការ​យូណេស្កូ ដោយ​មាន​អ្នក​ដឹក​នាំ​ដែល​មាន​ទម្ងន់។ អ្នក​ដឹក​នាំ​យូណេស្កូ​ចូល​រួម"
លោក​បាន​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​ទេ សម្រាប់​ការ​ជួប​ចរចា​នោះ ប៉ុន្តែ​និង​អាច​មាន​ការ​ជួប​ចរចា​គ្នា នៅ​មុន​កិច្ច​ប្រជុំ​ត្រៀម​មួយ នៅ​ខែ​ឧសភា​ខាង​មុខ​នេះ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។
កម្ពុជា​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ ឆ្នាំ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​ប្រទេស​បារ៉ែន (Bahrain) នៅ​ខែ​មិថុនា ឆ្នាំ​២០១១ ខាង​មុខ​នេះ។
កន្លង​មក​គេ​សង្កេត​ឃើញ​ថា ភាគី​ថៃ​តែង​តែ​ប្រតិកម្ម​ទាមទារ​ឲ្យ​អង្គការ​យូណេស្កូ​ដក​ប្រាសាទ​ ព្រះវិហារ​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក និង​បាន​ជំទាស់​ផែន​ការ​ចាត់​ចែង​របស់​កម្ពុជា នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា ៖ "ទោះបី ​ជា​នៅ​ចំណុច​ណា​ក៏​ដោយ ឲ្យ​តែ​មាន​អ្នក​ទី​៣ ធ្វើ​ជា​សាក្សី រាល់​ការ​ចរចា​នៃ​ប្រទេស​ទាំង​២។ វា​ជា​ចំណុច​ល្អ​មួយ ប៉ុន្តែ​គ្រាន់​តែ​ការ​ចរចា​នេះ​មិន​ទាន់​បាន​ដាក់​លក្ខខ័ណ្ឌ​ថា ទៅ​លើ​បុព្វ​ហេតុ​អី"
មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​ថា កម្ពុជា​មិន​មាន​ការ​ប្រែប្រួល​ទេ ក្នុង​ការ​ដាក់​ផែនការ​ចាត់​ចែង​ពី​រឿង​ប្រាសាទ​ព្រះវិហារ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​បារ៉ែន នៅ​ខែ​មិថុនា​ខាង​មុខ​នេះ៕

ខ្មែរ​បង្ហាញ​ភស្តុតាង​ខូចខាត​ប្រាសាទ​ព្រះវិហារ

2011-02-28
លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត បាន​បើក​កិច្ច​ប្រជុំ​ទ្វេភាគី​ជា​មួយ​បេសកជន​ពិសេស​របស់​យូណេស្កូ (UNESCO) នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។

RFA/Sok Serey
២៨-កុម្ភៈ-២០១១: បេសកជន​របស់​អង្គការ​យួណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) [ឆ្វេង] និង​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ បាន​ស្នើ​សុំ​ជា​ផ្លូវ​ការ សុំ​ឲ្យ​អង្គការ​យូណេស្កូ (UNESCO) បញ្ជូន​មន្ត្រី​ជំនាញ​មក​វាយ​តម្លៃ​ការ​ខូច​ខាត​ប្រាសាទ​ព្រះវិហារ និង​ជួស​ជុល​ប្រាសាទ​ព្រះវិហារ​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដែល​ប្រាសាទ​នេះ​បាន​រង​ការ​បាញ់​ផ្លោង​ដោយ​កង​ទ័ព​ថៃ​ចំនួន​ជាង ៤០០​គ្រាប់ កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។
ការ​លើក​សំណើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​បិត​ទ្វារ​ជាង ២​ម៉ោង រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ជា​មួយ​បេសកជន​របស់​អង្គការ​យួណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) នៅ​ឯ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ។
ឧប​នាយក​រដ្ឋ​មន្ត្រី លោក សុខ អាន ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត ក្រោយ​ពី​ជំនួប​នោះ​ថា ការ​បាញ់​ផ្លោង​បំផ្លាញ​ប្រាសាទ​ព្រះវិហារ ដោយ​ភាគី​ថៃ គឺ​បាន​រំលោភ​អនុ​សញ្ញា​ឆ្នាំ​១៩៥៤ របស់​អង្គការ​យួណេស្កូ ដែល​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ៖ "ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​និង​សាសនា គឺ​ការ​កម្ទេច​វត្ត ឧក្រិដ្ឋកម្ម​ប្រឆាំង​វប្បធម៌ គឺ​ការ​កម្ទេច​ប្រាសាទ។ អ៊ីចឹង​នេះ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ពិត​ប្រាកដ ដែល​ថៃ​បាន​ប្រព្រឹត្តិ។ វត្ត​ជា​ទី​សក្ការ​របស់​ពុទ្ធ​បរិស័ទ ត្រូវ​បាន​ខូចខាត​យ៉ាង​ច្រើន យ៉ាង​ដំណំ​បំផុត។ ហើយ​យើង​ក៏​បាន​បង្ហាញ​អំពី​ថៃ​ដែល​បាន​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម ដែល​ពិភព​លោក​គេ​ហាម​ប្រាម​មិន​ឲ្យ​ប្រើ"
បេសកជន​របស់​អង្គការ​យូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា មិន​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ទេ ជុំវិញ​សំណើ​របស់​ភាគី​កម្ពុជា​នេះ ប៉ុន្តែ​លោក សុខ អាន បាន​មាន​ប្រសាសន៍​ថា អង្គការ​យូណេស្កូ​បាន​ទទួល​យក​សំណើ​នេះ និង​បាន​ឯកភាព ហើយ​បាន​សន្យា​ថា​នឹង​បញ្ជូន​អ្នក​ឯកទេស​មក​វាយ​តម្លៃ ការ​ខូច​ខាត​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ក្រោយ ពី​ព្រោះ​គេ​រង់ចាំ​ការ​រៀបចំ​ធ្វើ​បែប​បទ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ទៀត។
រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា បេសកជន​របស់​អង្គការ​យូណេស្កូ​មក​កម្ពុជា​នេះ គឺ​ផ្ដោត​លើ​ការ​ខូច​ខាត​ប្រាសាទ​ព្រះវិហារ​សុទ្ធសាធ មិន​ពាក់ព័ន្ធ​និង​រឿង​ព្រំដែន​ទេ ៖ "ក្រោយ​ពេល​ដែល​អ្នក​សង្កេត​ការណ៍​ ឥណ្ឌូណេស៊ី ដែល​ចាត់​តាំង​ដោយ​អាស៊ាន​ហ្នឹង​មក​ដល់​ពេល​ណា ក្រោយ​នោះ​ភ្លាម គឺ​យូណេស្កូ​ចាប់​ផ្ដើម​នឹង​បញ្ជូន​អ្នក​ដែល​វាយ​តម្លៃ តើ​ការ​ខូច​ខាត​ហ្នឹង​មាន​ប៉ុណ្ណា។ ចំណុច​ទី​៣ គឺ​ការ​ជួស​ជុល​ជា​បន្ទាន់​ភ្លាម ក្រោយ​ពេល​ដែល​មាន​ការ​វាយ​តម្លៃ​ថា​ប្រាសាទ​ហ្នឹង​ខូចខាត​អស់​ប៉ុណ្ណេះ​ភាគ ​រយ។ ហើយ​ជ្រើសរើស​អ្នក​ដែល​ជំនាញ​ខាង​ការ​ជួស​ជុល​ប្រាសាទ​មក​ជា​បន្ទាន់"
ប្រភព​ពី​លោក ជុច ភឿន បាន​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​បាន​រង​ការ​បាញ់​ផ្លោង​ដោយ​កង​ទ័ព​ថៃ​ចំនួន ៤១៤​គ្រាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី​៤ ទី​៥ ទី​៦ និង​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។
បេសកជន​របស់​អង្គការ​យូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មីនា ក្រោយ​ពី​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី៕



 

ព្រះសង្ឃ​ប្រឆាំង​វៀតណាម ត្រូវ​បាន​ធ្វើឃាត​៤​ឆ្នាំ​កន្លង​មក

2011-02-28
សមាគម​ខ្មែរ​ក្រោម​ជំរុញ​ទៅ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​បើក​ការ​ស៊ើប​ អង្កេត​ឃាតកម្ម​សព​ព្រះ​តេជគុណ អៀង សុខ​ធឿន គង់​នៅ​វត្ត​ទ្រនំ​ជ្រឹង ក្បែរ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៧ ដើម្បី​ចាប់​ជន​ល្មើស​យក​មក​ផ្ដន្ទា​ទោស។

Photo courtesy of http://preynokornews.blogspot.com
ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
លិខិត​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៩​អង្គការ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ផ្ញើ​ជូន​ទៅ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ទទូច​ឲ្យ​សមត្ថកិច្ច​ពន្លឿន​ការ​ស៊ើប​អង្កេត និង​ចាប់​ជន​ល្មើស​ដែល​ក្រុម​អង្គការ​នេះ​ចោទ​ថា បាន​ធ្វើឃាត​ព្រះតេជព្រះគុណ អៀង សុខ​ធឿន កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៧ យក​មក​ផ្ដន្ទា​ទោស។
លិខិត​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ មាន​រយៈ​ពេល ៤​ឆ្នាំ​ហើយ ដែល​ក្រុម​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម ក៏​ដូច​ក្រុម​គ្រួសារ​របស់​សព​ព្រះតេជព្រះគុណ អៀង សុខ​ធឿន ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច ប៉ុន្តែ​បាត់​ដំណឹង​សូន្យ​ឈឹង។
បន្ថែម​លើ​ខ្លឹមសារ​លិខិត លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ បន្ទាប់​ពី​ពិធី​បុណ្យ​គម្រប់​ខួប ៤​ឆ្នាំ នៃ​ការ​ស្លាប់​ព្រះតេជព្រះគុណ អៀង សុខ​ធឿន បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ ត្រូវ​ស្វែង​រក​មុខ​ឃាតក​យក​ទៅ​ផ្ដន្ទា​ទោស​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ​ជន​រង​គ្រោះ ៖ «ក្រោយ​ពេល​ឃាតកម្ម​ ហើយ​យក​សព​របស់​ព្រះ​អង្គ​ទៅ​កប់​តក់ក្រហល់​ទៀត។ វា​ខុស​ពី​ទំនៀម​ទម្លាប់​ព្រះ​ពុទ្ធ​សាសនា ព្រះ​អង្គ​ជា​ព្រះ​សង្ឃ​ផង។ ព្រះ​ពុទ្ធ​សាសនា​យើង​ត្រូវ​តែ​បូជា​ដោយ​ព្រះ​អគ្គី ឬ​លើង​បូជា​ហៅ​ថា​ដុត។ ប៉ុន្តែ​ទី​បំផុត​ទៅ បែរ​ជា​យក​ទៅ​កប់​យ៉ាង​តក់ក្រហល់ ហើយ​មិន​ឲ្យ​មាន​ការ​ធ្វើ​កោសល្យវិច័យ​អី​ទាំង​អស់»
ឆ្លើយ​តប​ការ​អំពាវនាវ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា ករណី​ឃាត​កម្ម​ទៅ​លើ​សព​ព្រះតេជព្រះគុណ អៀង សុខ​ធឿន សមត្ថ​កិច្ច​ក្រសួង ក៏​ដូច​ជា​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ មិន​បាន​ផ្អឹប​ទុក​សំណុំ​រឿង​ឃាតកម្ម​នេះ​ទុក​ចោល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​សំណុំ​រឿង​ឃាត​កម្ម​នេះ សមត្ថកិច្ច​នៅ​បន្ត​បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ ៖ «ករណី​នេះ​មិន​ទាន់​ ត្រូវ​បាន​ក្រសួង​លោក​បិទ​បញ្ជី​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។ បាន​សេចក្ដី​ថា​នៅ​បើក​ចំហ​នៅ​ឡើយ។ ដរាប​ណា​ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​ទេ មិន​ទាន់​បិទ​បញ្ជី​ទេ»
ព្រះតេជព្រះគុណ អៀង សុខ​ធឿន ត្រូវ​បាន​គេ​សង្ស័យ​ថា ត្រូវ​បាន​ឃាតក​ប្រើ​កាំបិត​អារ​ក​សម្លាប់ នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ក្នុង​កុដិ​ព្រះអង្គ នា​វត្ត​ទ្រនំ​ជ្រឹង ស្ថិត​នៅ​សង្កាត់​បឹង​ធំ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​ព្រះ​អង្គ​បាន​និមន្ត​វិល​ត្រឡប់​ពី​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ ខាង​មុខ​ស្ថានទូត​វៀតណាម។
យ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០០៧ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​ខ្លួន​ថា ការ​សុគត​របស់​ព្រះតេជព្រះគុណ អៀង សុខ​ធឿន ដោយ​សារ​តែ​ព្រះ​អង្គ​ធ្វើ​អត្តឃាត​ខ្លួន​ឯង។ ប៉ុន្តែ​ការ​សន្និដ្ឋាន​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ច្រាន​ចោល និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​យក​សព​ទៅ​ធ្វើ​កោសល្យវិច័យ តែ​ត្រូវ​សមត្ថកិច្ច​បដិសេធន៍។
នា​ឱកាស​នោះ​ដែរ តុលាការ​ក៏​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​រង់ចាំ​លទ្ធ​ផល​ស៊ើប​អង្កេត​របស់​ សមត្ថកិច្ច ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ សមត្ថកិច្ច មិន​ទាន់​ចាប់​ខ្លួន​ជន​ល្មើស និង​មិន​បាន​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​ទេ ជុំវិញ​ឃាត​កម្ម​នេះ​នៅ​ឡើយ៕

តំណាង UNESCO មក​ដល់​កម្ពុជា

2011-02-27
អង្គការ UNESCO បាន​បញ្ជូន​តំណាង​របស់​ខ្លួន​មក​កម្ពុជា​តាម​សំណើ​របស់​ភាគី​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​ខូច​ខាត​របស់​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។

RFA/Sok Serey
លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូ អ៊ូរ៉ា (Koichiro Matsuura) បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ (UNESCO) មក​ប្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១១
បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ (UNESCO) លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូ អ៊ូរ៉ា (Koichiro Matsuura) បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បន្ធូរបន្ថយ​ស្ថានការណ៍​ជម្លោះ​ប្រដាប់​អាវុធ រវាង​កម្ពុជា និង​ថៃ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​ទាំង​២ ឈប់​បាញ់​គ្នា និង​ធ្វើ​យ៉ាង​ណា​ការពារ​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។
ដំណើរ​ទស្សន​កិច្ច​របស់​លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូ​អ៊ូរ៉ា មក​ប្រទេស​កម្ពុជា​នេះ គឺ​បន្ទាប់​ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ។ ការ​មក​ដល់​ប្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​របស់​លោក ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ច័ន្ទ តានី, រដ្ឋ​លេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ព្រម​ទាំង​មន្ត្រី​តំណាង​អង្គការ​យូណេស្កូ​ជាតិ​ប្រចាំ​នៅ​ក្នុង​ប្រទេស​ កម្ពុជា។
បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូ​អ៊ូរ៉ា មិន​បាន​ផ្ដល់​បទ​សម្ភាស​ជា​ផ្លូវ​ការ​ទេ ប៉ុន្តែ​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​មាន​ផែនការ​ទៅ​ពិនិត្យ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ក្រោយ​ទៀត។
នៅ​ពេល​នោះ​ដែរ មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា​ដំណើរ​ទស្សនកិច្ច​នេះ មាន​សារសំខាន់​ដើម្បី​ស្វែង​រក​ការ​ពិត ៖ "ដើម្បី​ធ្វើ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​កិច្ច​សហការ​ក្នុង​កិច្ច​ការ​ពារ​ប្រសាទ​ព្រះវិហារ​ឲ្យ​បាន​ ប្រសិទ្ធភាព ហ្នឹង​ជា​ការងារ​ចម្បង​របស់​លោក"
រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ភស្តុតាង​ជា​ច្រើន ដើម្បី​ដាក់​ជូន​លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូ​អ៊ូរ៉ា ពិនិត្យ​នៅ​ពេល​នេះ ៖ "ការ​ខូច​ខាត​ព្រះវិហារ​ដំណំ ហើយ​ខ្ញុំ​វាយ​តម្លៃ​ថា ប្រមាណ​ជាង ៧០%​ទៅ​៨០% មាន​ការ​ខូច​ខាត។ ថ្វី​ត្បិត​តែ​ប្រាង្គ​ប្រាសាទ​ហ្នឹង​មិន​ឃើញ​បាក់​មែន ប៉ុន្តែ​គ្រាប់​កាំភ្លើង​ធំ ៤១៤​គ្រាប់ ធ្លាក់​ចំ​ប្រាសាទ​ហ្នឹង ធ្លាក់​ចំ​ប្រាសាទ​ហ្នឹង កន្លែង​ខ្លះ​ក៏​ប្រេះ​ស្រាំ​ទៅ កន្លែង​ខ្លះ​អំបែង​ជះ​ទៅ​លើ​ជញ្ជាំង​ប្រាសាទ​ហ្នឹង។ ហើយ​មាន​កន្លែង​ខ្លះ យើង​មាន​ការ​ព្រួយ​បារម្ភ និង​ការ​ប្រើ​គ្រាប់​បែក​ចង្កោម"
លោក​បាន​បន្ត​ថា ដំណើរ​ទៅ​ពិនិត្យ​ការ​ខូច​ខាត​ប្រាសាទ​ព្រះវិហារ​ដោយ​លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូ​អ៊ូរ៉ា ត្រូវ​បាន​សម្រេច​ពន្យារ​ពេល ២​សប្ដាហ៍​ទៀត ដោយ​សារ​តែ​រង់ចាំ​ការ​មក​ដល់​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​បទ​ឈប់​បាញ់ មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី តាម​ការ​សម្រេច​របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។
មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា គម្រោង​ការ​ចាត់​ចែង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា មិន​មាន​ការ​ប្រែប្រួល​ទេ ដើម្បី​ដាក់​ជូន​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​ប្រទេស​បារ៉ែន (Bahrain) នៅ​ខែ​មិថុនា ឆ្នាំ​២០១១ នៅ​គ្រា​ដែល​កម្ពុជា​ក្លាយ​ជា​អនុ​ប្រធាន​នៃ​គណៈកម្មាធិការ​នេះ។
នៅ​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​នោះ លោក កូអ៊ីជីរ៉ូ ម៉ាត់ស៊ូ​អ៊ូរ៉ា មាន​គម្រោង​ជួប​ពិភាក្សា​ទល់​មុខ​គ្នា ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី លោក សុខ អាន និង​ជា​ប្រធាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ប្រសាទ​ព្រះវិហារ និង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ៕

លោក ហ៊ុន សែន ប្រកាស​ឲ្យ​មន្ត្រី​គ្រប់​អាយុ​ចូល​និវត្តន៍​សម្រាក​ពី​ការងារ

2011-02-26
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ដាក់​បទបញ្ជា​ទៅ​ដល់​មន្ត្រី​រាជការ​សាធារណៈ​ក្នុង​ស្ថាប័ន​ រដ្ឋាភិបាល​ទាំង​អស់​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍ ត្រូវ​តែ​ចូល​និវត្តន៍​ជា​ដាច់ខាត ដោយ​មិន​អនុញ្ញាត​ឲ្យ​ពន្យារ​អាណត្តិ​ចូល​​និវត្តន៍​នោះ​ទេ។

RFA Photo
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ CLV, CLMV និង ACMECS នៅ​វិមាន​សន្តិភាព នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន បាន​ថ្លែង​ថា មន្ត្រី​សាធារណៈ​គ្រប់​រូប​​នៅ​តាម​​​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ដែល​ គ្រប់​អាយុ​ត្រូវ​ចូល​និវត្តន៍ គឺ​ត្រូវ​តែ​ចូល​និវត្តន៍ និង​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​អ្នក​ធ្វើ​​អន្តរាគមន៍​ដើម្បី​បន្ត​អាណត្តិ ឬ​តួនាទី​មន្ត្រី​ត្រូវ​ចូល​និវត្តន៍​ទាំង​នេះ​នោះ​ទេ។
លោក ហ៊ុន សែន បាន​ព្រមាន​ដូច្នេះ​​នៅ​ក្នុង​​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១០ និង​​ទិសដៅ​ការងារ​​ឆ្នាំ​២០១១ របស់​ក្រសួង​​មហាផ្ទៃ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។
លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «ដល់​អាយុ​ចូល​ និវត្តន៍​ត្រូវ​តែ​ចូល​និវត្តន៍ អា​ហ្នឹង​សូម​បញ្ជាក់​លើ​ចំណុច​​​ហ្នឹង​មួយ ដើម្បី​សុំ​ការ​យោគយល់​ទាំង​អស់។ មិន​បាន​ទេ! ឥឡូវ​សុខ​ចិត្ត​ឲ្យ​ទៅ​តែងតាំង​មុខងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មុខងារ​នយោបាយ​វិញ ប៉ុន្តែ​ឲ្យ​នៅ​កន្លែង​ដើម​ទៀត គឺ​មិន​បាន​ទេ បើ​មិន​អ៊ីចឹង​ស្ទះៗ»
យ៉ាង​នេះ​ក្ដី មន្ត្រី​រាជការ​គ្មាន​តួនាទី​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ភាគ​ច្រើន​អះអាង​ ដូច​គ្នា​ថា សព្វ​ថ្ងៃ​នេះ​ភាព​អនាធិបតេយ្យ​នៃ​សកម្មភាព​រត់​ការ​ពន្យារ​ពេល​ចូល​ និវត្តន៍​របស់​មន្ត្រី​​មាន​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ​បាន​កើត​មាន​ជា​ ច្រើន​ករណី។
ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ជា​រៀងរាល់​ឆ្នាំ​មាន​មន្ត្រី​មាន​តួនាទី​​ជា​ប្រធាន​ឬ អនុ​ប្រធាន​​​​​មន្ទីរ ប្រធាន ឬ​អនុ​ប្រធាន​​នាយកដ្ឋាន​ជាដើម បាន​ក្រាញននៀល​​មិន​​ចូល​និវត្តន៍ ដោយ​បាន​​​ស្វែង​រក​​​​អន្តរាគមន៍​ដើម្បី​​បន្ត​​អាណត្តិ​ការងារ​តែ​រៀងៗ​ ខ្លួន។
អ្នកស្រី សុខ លាង មន្ត្រី​ជំនួយ​ការ​អង្គការ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​ប្រចាំ​ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ចាត់​ទុក​បទ​បញ្ជា​តម្រូវ​ឲ្យ​មន្ត្រី​គ្រប់​អាយុ​ចូល​និវត្តន៍​ត្រូវ​ តែ​ចូល​និវត្តន៍​ថា ជា​សញ្ញា​ល្អ​មួយ​សម្រាប់​​​​យុវជន​បញ្ចប់​ការ​សិក្សា ហើយ​រក​ការងារ​ធ្វើ​មិន​បាន។
អ្នកស្រី សុខ លាង បន្ថែម​ថា ៖ «ខ្ញុំ​គិត​ថា យុវជន​យើង​ឥឡូវ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ប៉ុន្តែ​បែរ​ជា​ខ្វះ​ឱកាស​ទៅ​វិញ តែ​បើ​សិន​ជា​រដ្ឋាភិបាល​យើង​បាន​ផ្ដល់​ឱកាស​នេះ ខ្ញុំ​គិត​ថា ប្រទេស​ជាតិ​យើង​នឹង​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន»
បន្ថែម​លើ​នេះ យុវជន​ឈ្មោះ ពៅ សត្យា ជា​និស្សិត​មក​ពី​សកលវិទ្យាល័យ​​អន្តរជាតិ​ផ្នែក​ទន្តសាស្ត្រ បាន​ថ្លែង​ថា ​បទ​បញ្ជា​ប្រមុខ​ដឹក​នាំ ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​យុវជន​​​ដែល​បញ្ចប់​ការ​សិក្សា​នៅ​តាម​ គ្រឹះស្ថាន​ឧត្ដម​​​សិក្សា​​អាច​មាន​​ឱកាស​​ប្រឡង​ចូល​ធ្វើការ​នៅ​តាម​ ក្រសួង​ស្ថាប័ន​រដ្ឋ​នានា។
និស្សិត​ឈ្មោះ សត្យា ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រទេស​យើង​សព្វថ្ងៃ​មាន​ និស្សិត​ជា​ច្រើន​ត្រូវ​ចេញ​ធ្វើការ ប៉ុន្តែ​បើ​សិន​ជា​យើង​នៅ​បន្ត មន្ត្រី​ចាស់ៗ​ដែល​គាត់​ត្រូវ​មាន​អាយុ​ចូល​និវត្តន៍​ហើយ​នោះ ធ្វើ​ឲ្យ​និស្សិត​ដែល​បម្រុង​នឹង​ត្រៀម​ចេញ​ធ្វើការ​នោះ មិន​មាន​ការងារ​ធ្វើ»
យុវជន​​ឈ្មោះ ឌួង សក្តា ទើប​បញ្ចប់​ឧត្ដម​សិក្សា​នៅ​សកល​វិទ្យាល័យ​បៀលប្រាយ ហើយ​ដែល​រក​ការងារ​ធ្វើ​មិន​បាន បាន​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «នាំ​ឲ្យ​និស្សិត​អត់​ការងារ​ធ្វើ​ហ្នឹង​មាន​ឱកាស​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​ក្នុង​ស្ថាប័ន​​រដ្ឋាភិបាល»
ទាក់ទង​បញ្ហា​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ដោយ​ចង់​ឃើញ​បទបញ្ជា​របស់​លោក ហ៊ុន សែន ​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​អាយុ​ចូល​និវត្តន៍​ត្រូវ​តែ​ចូល​និវត្តន៍ ​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។
លោក​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «នេះ​ជា​សេចក្ដី​សម្រេច​មួយ​ដ៏​ល្អ​ហើយ សូម​អនុវត្តន៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​សូម​កុំ​ឲ្យ​​មាន​ប្រកាន់​បក្សពួក និង​កុំ​ឲ្យ​មាន​ទទួល​សំណូក​សូក​ប៉ាន់។ សូម​ឲ្យ​គោរព​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​ទុក​ឱកាស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​រួម​ចំណែក​ធ្វើ​កិច្ចការ​រដ្ឋាភិបាល​នោះ​ផង»
មិន​មាន​ប្រភព​ណា​មួយ​អះអាង​ថា ក្នុង​១​ឆ្នាំៗ​មាន​មន្ត្រី​រាជការ​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍​ មាន​ចំនួន​ប៉ុន្មាន​នាក់​​​ឲ្យ​​ពិត​ប្រាកដ​នោះ​ទេ។
ប្រាក់​ចូល​និវត្តន៍​របស់​មន្ត្រី​រាជការ​ដែល​ទទួល​បាន​ក្រោយ​ចូល​ និវត្តន៍ គឺ​សម្រាប់​មន្ត្រី​បម្រើ​ការ​ក្រោម​រយៈពេល ៣០​ឆ្នាំ ទទួល​បាន​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ចំនួន ៨០% នៃ​ចំនួន​ប្រាក់​ខែ​គោល​មុន​ពេល​ចូល​និវត្តន៍ និង​មន្ត្រី​ចូល​និវត្តន៍​​បម្រើ​ការ​លើស​ពី ៣០​ឆ្នាំ ទទួល​បាន​ប្រាក់​ខែ​គោល ១០០%។ ប្រាក់​ខែ​គោល គឺ​ជា​ប្រាក់​ខែ​ដែល​មិន​បូក​​​បញ្ចូល​កម្រៃ​បន្ទាប់​បន្សំ ក៏​ដូច​ជា​ប្រាក់​ខែ​ប្រពន្ធ ឬ​កូន​ជាដើម៕

លោក សម រង្ស៊ី ព្រមាន​ថា​នឹង​អាច​​មាន​បដិវត្តន៍​ថ្មី​មួយ​នៅ​កម្ពុជា

2011-02-26
លោក សម រង្ស៊ី ក្នុង​ឱកាស​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិក នៅ​សហរដ្ឋអាមេរិក បាន​ប្រដូច​ស្ថានការណ៍​បះបោរ​នៅ​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​ថា អាច​នឹង​កើត​មាន​ឡើង​នៅ​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ដោះស្រាយ​វិបត្តិ​គ្មាន​ការងារ​ធ្វើ អំពើ​ពុករលួយ និង​វិបត្តិ​ដីធ្លី។

RFA/Yun Samean
ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង​ពិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៊ី កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ បាន​ព្រមាន​មេដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ថា កម្ពុជា​នឹង​អាច​ផ្ទុះ​ឡើង​នូវ​បដិវត្តន៍​មួយ​ប្រឆាំង​នឹង​ការ​កាន់កាប់​ អំណាច​ផ្តាច់ការ ប្រសិន​បើ​មេដឹកនាំ​ខ្មែរ​ដែល​បាន​កាន់កាប់​អំណាច​អស់​រយៈពេល​ជិត ៣០​ឆ្នាំ នៅ​បន្ត​កាន់​អំណាច​​ទៅ​មុន​ទៀត។
ការ​ទាយ​ទុក​របស់​ជោគវាសនា​កម្ពុជា របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ខ្មែរ​អាមេរិក​នៅ​ទីក្រុង​ហ្វលស៍ ឈជ (Falls Church) រដ្ឋ​វីជីនៀ (Virginia) ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ៥០​នាក់។
លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បន្ត​ថា បដិវត្តន៍​ដែល​កម្ពុជា​នឹង​ជួប​ប្រទះ គឺ​បដិវត្តន៍​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ ការ​រឹប​អូស​ដីធ្លី ភាព​ក្រីក្រ និង​អំពើ​ពុករលួយ។
លោក​បន្ត​ទៀត​ថា បដិវត្តន៍​ផ្កា​ម្លិះ​នៅ​ប្រទេស​ទុយណេស៊ី (Tunisia) អេហ្សីប (Egypt) និង​ព្រឹត្តិការណ៍​ចុង​ក្រោយ​កំពុង​កើត​ឡើង​នៅ​ប្រទេស​លីប៊ី (Libya) បាន​ញ៉ាំង​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​មើល​ឃើញ​ថា បដិវត្តន៍​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​គឺ​មាន​ភាព​ចាំបាច់។
ប្រជាពលរដ្ឋ​នៅ​ទុយណេស៊ី និង​អេហ្សីប បាន​ទទួល​ជោគជ័យ​ក្នុង​បដិវត្តន៍​របស់​ពួកគេ ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​លាលែង​ចេញ​ពី​តំណែង។
លោក សម រង្ស៊ី មាន​ប្រសាសន៍​បន្ថែម ៖ «ប្រជាពលរដ្ឋ​ដែល​បះបោរ​នៅ​ ប្រទេស​ទាំង​ប៉ុន្មាន​នេះ គឺ​បះបោរ​ដើម្បី​អ្វី? ចង់​បាន​អ្វី? តើ​ប្រជាពលរដ្ឋ​ឥឡូវ​នេះ​ឈឺ​ចាប់​ដោយសារ​រឿង​អ្វី? ដូចគ្នា គឺ​ទី​១ ភាព​ក្រីក្រ។ ដរាប​ណា​គេ​ថា ស្រុក​អភិវឌ្ឍន៍ ប៉ុន្តែ​អភិវឌ្ឍន៍​សម្រាប់​នរណា? សម្រាប់​អ្នក​មាន​អំណាច? សម្រាប់​មហា​សេដ្ឋី​ឲ្យ​កាន់តែ​មាន​ឡើង? ហ្នឹង​ប្រជារាស្ត្រ​អត់​ចង់​បាន​ទេ គឺ​ចង់​មាន​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​ឲ្យ​អ្នក​ក្រ​បាន​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ផង បើ​អ្នក​ក្រ​នៅ​តែ​ក្រ​ដដែល​អា​ហ្នឹង​ច្បាស់​ជា​មាន​ការ​តវ៉ា​ហើយ...»
លោក សម រង្ស៊ី ក៏​បាន​ប្រាប់​ខ្មែរ​អាមេរិក​ទៀត​ថា គណបក្ស សម រង្ស៊ី គាំទ្រ​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ ជា​លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​មិន​មែន​យន្តការ​អាស៊ាន ដោយសារ​តែ​ប្រទេស​ថៃ ជា​ប្រទេស​មាន​អំណាច​មួយ​ក្នុង​តំបន់ ដូច្នោះ​កម្ពុជា នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ទេ។ លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​កម្ពុជា ដាក់​ពាក្យ​បណ្ដឹង​សា​ជា​ថ្មី​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ សហប្រជាជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​កម្ពុជា។
លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​រដ្ឋាភិបាល​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ​ក្លែង​បន្លំ​ឯកសារ និង​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៩។ តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​បើក​សវនាការ​ដោះស្រាយ​​បណ្តឹង​លោក សម រង្ស៊ី ប៉ុន្តែ​បាន​ពន្យារ​ពេល​ប្រកាស​សាលក្រម​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មីនា ខាង​មុខ​នេះ។
លោក សម រង្ស៊ី បន្ត​ទៀត​ថា លោក​មិន​បាន​សោកស្ដាយ​ចំពោះ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​ទេ ពីព្រោះ​កម្ពុជា ពិត​ជា​បាន​បាត់បង់​ដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម​មែន។ លោក​បន្ត​ថា ការ​ដែល​តុលាការ​កាត់​ទោស​លោក គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​ឲ្យ​មាន​វត្តមាន​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
លោក​បន្ត​ទៀត​ថា ៖ «អ្នក​បម្រើ​បរទេស អ្នក​ធ្វើ​បាប​ប្រជារាស្ត្រ គេ​រក​រឿង​យើង មាន​ន័យ​ថា យើង​ធ្វើ​ត្រូវ​ហើយ។ បើ​ពួក​មនុស្ស​អាក្រក់​គាំទ្រ​យើង ជួយ​យើង និយាយ​ល្អ​ពី​យើង មាន​ន័យ​ថា យើង​ធ្វើ​អាក្រក់​ហើយ បើ​មនុស្ស​អាក្រក់​ថា យើង​អាក្រក់ ធ្វើ​បាប​យើង មាន​ន័យ​ថា យើង​ធ្វើ​ត្រូវ​ហើយ ដូច្នេះ​ធ្វើ​ទៀត អត់​មាន​ខ្លាច​អី​ទេ ការ​ជួយ​ប្រជារាស្ត្រ​រហូត​ដល់​ចប់»
លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​នឹង​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​បំបាត់​ការ​បះបោរ​ណា​មួយ​នៅ​កម្ពុជា ៖ «ផ្ដាំ ​ឲ្យ​ហើយ បើ​អ្នក​ឯង​ប្រមូល​គ្នា​បាន​សូម​អញ្ជើញ​មក! បើ​នាយករដ្ឋមន្ត្រី​មិន​ដឹក​នាំ​ការពារ​រដ្ឋធម្មនុញ្ញ ទុក​ឲ្យ​គេ​ធ្វើ​អនាធិបតេយ្យ​ពេញ​ផ្ទៃ​ប្រទេស​យ៉ាង​ម៉េច?»
លោក ហ៊ុន សែន បច្ចុប្បន្ន​មាន​វ័យ ៥៩​ឆ្នាំ បាន​កាន់កាប់​អំណាច​នៅ​កម្ពុជា អស់​រយៈ​ពេល ២៦​ឆ្នាំ។ លោក​ធ្លាប់​បាន​ប្រកាស​កាន់​តំណែង​រហូត​ដល់​អាយុ ៩០​ឆ្នាំ។
អ្នកនាំ​ពាក្យ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​កុម្ភៈ បាន​ច្រាន​ចោល​ការ​វិភាគ​របស់​លោក សម រង្ស៊ី។
លោក​បន្ត​ថា ការ​បន្ត​តំណែង​របស់​មេដឹកនាំ​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត និង​មិន​មែន​ជា​ការ​បង្ខិតបង្ខំ ៖ «ខ្ញុំ ​អត់​យល់​ដូច​គាត់ គាត់​គ្រាន់តែ​ប្រាប់​រឿង​មួយ​ដែល​ជា​ការ​បញ្ចេញ​យោបល់​របស់​គេ​ទេ ប៉ុន្តែ​កម្ពុជា​មិន​មែន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​អ្វី​ដែល​ឯកឧត្ដម សម រង្ស៊ី លោក​មាន​ប្រសាសន៍»
លោក ផៃ ស៊ីផាន ក៏​បាន​ប្រកាស​ថា លោក សម រង្ស៊ី នឹង​អាច​ប្រឈម​មុខ​នឹង​ទោស​នៅ​ពន្ធនាគារ​ដោយ​គ្មាន​ដំណោះស្រាយ​នយោបាយ​ណា​ មួយ ដើម្បី​ឲ្យ​លោក សម រង្ស៊ី រួច​ទោស​នោះ​ទេ។
ពលរដ្ឋ​ខ្មែរ​អាមេរិក ដែល​បាន​មក​ស្ដាប់​ការ​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី បាន​សម្ដែង​ក្តី​បារម្ភ​អំពី​ស្ថានភាព​ព្រំដែន និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
លោក យ័ប គឹមទឹង ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិក បាន​រៀបចំ​ការ​ពិភាក្សា​នេះ​ដើម្បី​ស្វែង​យល់​ការ​ពិត​នៅ​កម្ពុជា អំពី​ស្ថានភាព​ព្រំដែន បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌។
លោក​បន្ត​ថា ៖ «ខ្ញុំ​ចង់​ឃើញ​ស្រុក​ខ្មែរ​យើង​គោរព​ច្បាប់​ឲ្យ​ ត្រឹមត្រូវ កុំ​ឲ្យ​ថា អ្នក​មាន​អំណាច​ធ្វើ​អ្វី​តាម​ចិត្ត ហើយ​យើង​មាន​តែ​ច្បាប់​សម្រាប់​ពួក​ក្រីក្រ​គោរព»
ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក គឺ​ស្រដៀង​នឹង​ក្ដី​បារម្ភ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
អ្នករាយការណ៍​អង្គការ​សហប្រជាជាតិ​ក្នុង​សន្និសីទ​សារព័ត៌មាន បាន​សម្ដែង​កង្វល់​ពី​ស្ថានភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ដីធ្លី និង​ការ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ កាត់​ទោស​បទ​បរិហារ​កេរ្តិ៍ និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត៕


 

កម្ពុជា​ស្នើ​ឲ្យ​ឥណ្ឌូណេស៊ី​បន្ត​ជួយ​​សម្រុះ​​សម្រួល​​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

2011-02-25
រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជួយ​សម្រុះសម្រួល​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១២ នៅ​ពេល​ដែល​កម្ពុជា នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្រចាំ​២០១២។

RFA/Hang Savyouth
២១-កុម្ភៈ-២០១១: ទាហាន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រៀម​ខ្លួន​ក្នុង​លេណដ្ឋាន​ដើម្បី​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹក​ដី ប្រសិន​បើ​មាន​ការ​ឈ្លានពាន។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ បាន​ប្រកាស​ជា​សាធារណៈ​ថា កម្ពុជា​នឹង​មិន​ប្រើប្រាស់​តួនាទី​ជា​ប្រធាន​អាស៊ាន សម្រាប់​ឆ្នាំ​២០១២ ដើម្បី​ចរចា​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ​នោះ​ទេ។
លោក​បន្ត​ថា កម្ពុជា​នឹង​បន្ត​ស្នើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី ជួយ​សម្របសម្រួល​ជម្លោះ​កម្ពុជា និង​ថៃ បន្ថែម​ទៀត បើ​ទោះ​បី​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវ​អស់​តួនាទី​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​ក្រោយ​ក៏ដោយ។ លោក​ចាត់​ទុក​ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រទេស​មួយ​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​តំបន់។
លោក ហ៊ុន សែន បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​តួនាទី​របស់​រដ្ឋមន្ត្រី​ការបរទេស​ ឥណ្ឌូណេស៊ី ដែល​បាន​ផ្ដួចផ្ដើម​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​តាមដាន​ស្ថានការណ៍​ជម្លោះ​ប្រដាប់​អាវុធ ដើម្បី​ធានា​ថា កងទ័ព​ប្រទេស​ទាំង​ពីរ​នឹង​មិន​បន្ត​ប៉ះ​ទង្គិច​ទៀត។
ក្រសួង​ការពារ​ជាតិ​ឥណ្ឌូណេស៊ី បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា ក្រសួង​កំពុង​រៀបចំ​បញ្ជូន​មន្ត្រី​យោធា និង​ជន​ស៊ីវិល​ប្រមាណ ៣០​នាក់ មក​កាន់​ព្រំដែន​កម្ពុជា និង​ថៃ ដើម្បី​ធានា​ថា ភាគី​ទាំង​សង​ខាង​នឹង​គោរព​កិច្ច​ព្រមព្រៀង​ចរចា​គ្នា​ដោយ​សន្តិវិធី ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។
លោក ហ៊ុន សែន បន្ថែម​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ និង​កម្ពុជា អាច​ជួប​ប្រជុំ​គ្នា​ជា​លក្ខណៈ​ទ្វេ​ភាគី ប៉ុន្តែ​មាន​ភាគី​ឥណ្ឌូណេស៊ី ចូល​រួម​ធ្វើការ​ដោះស្រាយ និង​ជា​សាក្សី ៖ «ទីបំផុត​កិច្ចការ​ត្រូវ​តែ​ សម្រេច​ដោយ​ភាគី​ដែល​មាន​ជម្លោះ​ជាមួយ​គ្នា​ហ្នឹង​ឯង គឺ​កម្ពុជា និង​ថៃ ក៏​ប៉ុន្តែ​មាន​អ្នក​ទី​៣ គេ​អាច​ចុះ​ហត្ថលេខា​រួម​ជាមួយ​យើង បើ​សិន​ជា​មាន​ការ​ចុះ​ហត្ថលេខា ឬ​ក៏​គេ​អាច​ចេញ​សេចក្ដី​ប្រកាស​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការ​ចរចា​នេះ​ ដោយ​ប្រធាន​អាស៊ាន»
លោក ហ៊ុន សែន ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​ធ្វើ​សង្គ្រាម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ របស់​នាយករដ្ឋមន្ត្រី​ថៃ​ថា កម្ពុជា​នឹង​មិន​ចាប់​ផ្ដើម​ផ្ទុះ​អាវុធ​មុន​នោះ​ទេ ប៉ុន្តែ​កម្ពុជា​នឹង​ប្រយុទ្ធ ប្រសិន​បើ​មាន​ការ​ឈ្លានពាន​បូរណភាព​ទឹក​ដី។
លោក​បន្ត​ថា កម្ពុជា​នឹង​គោរព​បទ​ឈប់​បាញ់​គ្នា ដែល​បាន​ស្នើ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ៖ «អ៊ីចឹង​កុំ​បារម្ភ​ថា ខ្ញុំ​សំណូមពរ​ឲ្យ​ដក​ទ័ព ទ័ព​នៅ​ដី​របស់​លោក លោក​ទុក​ប៉ុន្មាន​ជា​រឿង​របស់​លោក ហើយ​ទ័ព​ខាង​កម្ពុជា​ប៉ុន្មាន​គឺ​ជា​សិទ្ធិ​របស់​កម្ពុជា»
នាយករដ្ឋមន្ត្រី​ថៃ និង​កម្ពុជា ក៏​បាន​បញ្ជាប់​ថា កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នឹង​មិន​ដក​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​នោះ​ទេ ដោយសារ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ឲ្យ​ឈប់​បាញ់​គ្នា ប៉ុន្តែ​មិន​បាន​ឲ្យ​ដក​កងទ័ព​ចេញ​នោះ​ទេ។
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នៅ​តែ ​បន្ត​ទៀត បើ​ទោះ​បី​ទាហាន​ខ្មែរ និង​ថៃ បាន​សន្យា​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ក៏ដោយ។ ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ​ត្រៀម​ខ្លួន​ប្រយុទ្ធ​នៅ​តាម​លេណដ្ឋាន​រៀងៗ ​ខ្លួន។
រដ្ឋាភិបាល​កម្ពុជា និង​ថៃ កំពុង​រង់ចាំ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី ជា​មន្ត្រី​យោធា និង​ជនស៊ីវិល​ដែល​នឹង​ត្រូវ​បញ្ជូន​មក​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ សប្ដាហ៍​ក្រោយ​នេះ៕

នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ចាប់​ជន​ល្មើស​ប្រណាំង​រថយន្ត​ទៅ​តុលាការ

2011-02-25
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​បទ​បញ្ជា​ទៅ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ក្រោម​ឱវាទ ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​យក​ផ្លូវ​ នានា​ក្នុង​ទីក្រុង​ភ្នំពេញ ធ្វើ​ជា​ទីលាន​ប្រណាំង​រថយន្ត។

RFA/Uy Sophea
គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​សមត្ថកិច្ច​នគរបាល​ពាក់ព័ន្ធ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​​ ចរាចរណ៍​ ដោយ​មិន​ត្រូវ​មាន​ការ​យោគ​យល់​ចំពោះ​បទល្មើស​ចរាចរណ៍​នោះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ភាព​អនាធិបតេយ្យ​នៃ​ការ​យក​ទ្រូង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ធ្វើ​ជា​ទីលាន​ប្រណាំង​រថយន្ត​របស់​ក្រុម​ក្មេង​ស្ទាវ ត្រូវ​តែ​លុប​បំបាត់ និង​ត្រូវ​បញ្ជូន​សំណុំ​រឿង​បទល្មើស​ទៅ​កាន់​តុលាការ​ជា​ជាង​ធ្វើការ​ផាក​ ពិន័យ។
លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប ​ការងារ​ឆ្នាំ​២០១០ និង​ដាក់​ទិសដៅ​ការងារ​ឆ្នាំ​២០១១ របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ៖ «ឥឡូវ​គេ​បាន​យក​ទ្រូង​ផ្លូវ​ ប្រណាំង​ឡាន អ៊ីចឹង​ទេ​ត្រូវ​តែ​បញ្ជូន​ឡើង​តុលាការ​ហើយ ព្រោះ​ពួក​នេះ​មិន​ខ្លាច​ទេ។ ត្រឹម​ប្រណាំង​ឡាន​ហើយ​បើ​យើង​ផាក​គេ​ត្រឹម ៥​ម៉ឺន​រៀល គេ​ឲ្យ​យើង​ផាក​ឌុប​ក៏​បាន​ដែរ ឌុប​ដប់​ដង ម្ភៃ​ដង​ក៏​បាន​ដែរ ឲ្យ​តែ​បាន​ប្រណាំង​​​​ឡាន។ អ៊ីចឹង​ទេ​បញ្ជូន​ឡើង​តុលាការ​ទៅ ព្រោះ​និយាយ​លែង​ស្តាប់​ហើយ។ អ៊ីចឹង​ទាល់​តែ​​​​មាន​វិធានការ​អ្នក​បង្ក​បទល្មើស​បញ្ជូន​ឡើង​តុលាការ ទាល់​តែ​ដេក​គុក​ព្រៃ​ស​ខ្លះ​ហើយ​បានៗ»
ទាក់ទង​បញ្ហា​នេះ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បាន​ធ្វើ​សំណើ​​​ទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​បញ្ជូន​ជន​ល្មើស​យក​ទ្រូង​ផ្លូវ​ក្នុង​ទីក្រុង​ធ្វើ​ទីលាន​ប្រណាំង​ រថយន្ត​ទៅ​កាន់​តុលាការ ព្រោះ​ការ​ផាក​ពិន័យ​របស់​សមត្ថកិច្ច​កន្លង​មក​មិន​មាន​ប្រសិទ្ធភាព។
កន្លង​មក​​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​សាធារណៈ រួម​ទាំង​មន្ត្រី​បក្ស​ប្រឆាំង​ផង​ដែរ​ថា អ្នក​ដែល​ហ៊ាន​ព្រហើន​ប្រណាំង​ឡាន​ ឬ​បើក​ឡាន​លឿន​ដូច​ហោះ​តាម​ផ្លូវ​សាធារណៈ​មិន​ក្រែង​អ្នក​ដទៃ​នោះ ច្រើន​តែ​ជា​កូន​​អ្នក​ពាក់​ផ្កាយ ឬ​កូន​អ្នក​​ធំ​​មាន​អំណាច។
វិធានការ​នេះ​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា ព្រោះ​ពួក​គេ​យល់​ថា ភាព​អនាធិបតេយ្យ​ផ្ដើម​ពី​ការ​យក​ទ្រូង​ផ្លូវ​ប្រណាំង​រថយន្ត បាន​បង្ក​ការ​ភ័យ​ខ្លាច និង​រងគ្រោះ​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជា​ច្រើន​ករណី។
ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆន សំអុន រស់​នៅ​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ភាព​អនាធិបតេយ្យ​នៃ​បទល្មើស​​ប្រណាំង​រថយន្ត​ក្នុង​ទីក្រុង​ភ្នំពេញ កន្លង​មក គឺ​បាន​បង្ក​​គ្រោះ​​ថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ជា​ច្រើន​ករណី ប៉ុន្តែ​ជន​ល្មើស​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​នោះ​ទេ ៖ «ភាគ​ ច្រើន​គឺ​សុទ្ធតែ​អ្នក​មាន ហើយ​កូន​អ្នក​ធំៗ សុទ្ធតែ​មាន​ឡាន​មាន​អី​បើក​ទៅ។ កូន​អ្នក​ក្រ​ប្រហែល​ជា​មិន​មាន​លទ្ធភាព​ទៅ​ប្រណាំង​ឡាន​តាម​ផ្លូវ​សាធារណៈ ទៅ​ប៉ះពាល់​​អ្នក​ដទៃ​ទេ»
លោក មាស ចាន់ឌី មន្ត្រី​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​អង្គការ​ជនពិការ​ អន្តរជាតិ​បែលហ្ស៊ិក បាន​ចាត់​​ទុក​ការ​ចាត់​វិធានការ​លុប​បំបាត់​បទ​ល្មើស​យក​ទ្រូង​ផ្លូវ​ ប្រណាំង​រថយន្ត​របស់​ប្រមុខ​ដឹកនាំ​ថា នឹង​អាច​ជួយ​កាត់​បន្ថយ​​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឲ្យ​ថយ​ចុះ​មួយ​ចំនួន​ផង​ដែរ។
លោក មាស ចាន់ឌី បញ្ជាក់​បន្ថែម ៖ «វិធានការ​ទាំង​ឡាយ​ណា​ទាក់ទង​ទៅ​ នឹង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ល្បឿន​ខុស​ច្បាប់ គឺ​ជា​វិធានការ​ដែល​សមស្រប ហើយ​ខ្ញុំ​គាំទ្រ​ថា ជា​វិធានការ​ល្អ ដែល​អាច​នឹង​មាន​ផល​ល្អ​ទៅ​ដល់​ការ​លើក​ស្ទួយ​ចរាចរណ៍។ មាន​ន័យ​ថា អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន ប្រសិន​​បើ​យើង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ល្បឿន​ខុស​ច្បាប់​ទាំង​នេះ​បាន»
យ៉ាងណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា បទល្មើស​យក​ទ្រូង​ផ្លូវ​ក្នុង​ទីក្រុង​របស់​ក្រុម​ជន​ល្មើស​នឹង​មិន​មាន​ទៀត ​ទេ ព្រោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ សមត្ថកិច្ច​នឹង​ចាប់​បញ្ជូន​ជន​ប្រព្រឹត្ត​ល្មើស​ទៅ​កាន់​តុលាការ​ឈាន​ដល់​ ជាប់​ពន្ធនាគារ។
លោក ហ៊ុន សែន ​មាន​ប្រសាសន៍​បន្ថែម ៖ «ឥឡូវ​ហ្នឹង​គឺ​ថា មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ​ក្មួយៗ ក្មេងៗ​អើយ! ស្រវឹង​នោះ​ស្រវឹង​ពេក​ទៅ​ហើយ ឬ​មួយ​ក៏​មក​ពី​ការ​ផលិត​ស្រា​វា​ច្រើន​ពេក​ក៏​មិន​ដឹង បាន​ជា​ស្រវឹង​អត់​ឈប់។ រួច​ហើយ​វា​មាន​អា​ធុន​យក​ទ្រូង​ផ្លូវ​ប្រណាំង​គ្នា យក​ទ្រូង​ផ្លូវ​ប្រណាំង អា​ហ្នឹង​ជា​សកម្មភាព​មិន​អាច​យោគយល់ មិន​អាច​អត់​ឱន​ឲ្យ​បាន ឬ​គ្រាន់តែ​សម្រួល​ខាង​ក្រៅ​គឺ​អត់​ទេ។ ឥឡូវ​គឺ​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​ថា បញ្ជូន​ទៅ បើ​មិន​អ៊ីចឹង​មិន​រាង​ចាល​ទេ បើ​អ៊ីចឹង​វិធី​តែ​១ គឺ​គុក​ព្រៃ​ស អា​ហ្នឹង​បើ​ថា វា​ត្រូវ​ជាប់​គុក។ ព្រោះ​ថា គ្រោះ​ថ្នាក់​វា​ធំធេង​ពេក​ទៅ​ហើយ ដែល​បាន​កើត​មាន​នៅ​ក្នុង​ទឹក​ដី​របស់​យើង​នេះ»
លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ក៏​បាន​បញ្ជាក់​ពី​គោលជំហរ​របស់​​សមត្ថកិច្ច​គោរព និង​អនុវត្ត​តាម​បទ​បញ្ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សង្គម និង​រក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ។
លោក ខៀវ សុភ័គ មាន​ប្រសាសន៍​បន្ថែម ៖ «អនុវត្ត​ប្រសាសន៍​ណែនាំ​របស់​ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ព្រោះ​កន្លង​មក​លើកលែង​តែ​ការ​ប្រព្រឹត្ត​បទល្មើស ក៏​ប៉ុន្តែ​ឥឡូវ​ដល់​ពេល​យក​ទ្រូង​ផ្លូវ​យើង​មាន​ច្បាប់​ចរាចរណ៍ ដូច្នេះ​អ្វីៗ​ត្រូវ​អនុវត្ត​តាម​ច្បាប់»
លោក ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​ការ​គោរព​​​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា នៅ​មាន​កម្រិត​ទាប ដោយ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​មិន​​មាន​ការ​ញញើត​នឹង​​ច្បាប់​ឡើយ។
តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​ចេញ​ផ្សាយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១១ តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១០ បាន​ថយ​ចុះ ៥០៣​លើក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៩។ តួលេខ​​ឆ្នាំ​២០០៩ មាន ៦.០២១​ករណី។ ចំនួន​អ្នក​ស្លាប់​ក្នុង​ឆ្នាំ​២០១០ មាន ១.៦៤៩​នាក់ តិច​ជាង​ឆ្នាំ​២០០៩ ចំនួន ៥​នាក់។ កាល​ពី​ឆ្នាំ​២០០៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឲ្យ​កម្ពុជា ខាតបង់​ទឹក​ប្រាក់​អស់​ចំនួន ២៤៨​លាន​ដុល្លារ​អាមេរិក៕

តំណាង​ពិសេស​អ.ស.ប.បារម្ភ​ពី​សេរីភាព​បញ្ចេញ​មតិ​និង​សិទ្ធិ​ដីធ្លី

2011-02-25
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការពិត​របស់​លោក​នៅ​ កម្ពុជា បាន​សម្ដែង​ក្ដី​កង្វល់​អំពី​ស្ថានភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​មួយ​ចំនួន ដូចជា​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ និង​សិទ្ធិ​ដីធ្លី។

RFA/Sok Serey
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្វើ​សន្និសីទ​កាសែត​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១១។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ដែល​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​ប្រកាស​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា កំពុង​តែ​រួម​តូច​ចង្អៀត ហើយ​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កំពុង​តែ​រង​ការ​រំលោភ​យ៉ាង​ ធ្ងន់ធ្ងរ។
លោក សូរិយា ស៊ូប៊ែឌី បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​លើក​ទី​៤ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ ដើម្បី​មក​ស្វែង​រក​ការ​ពិត ដើម្បី​ដាក់​របាយការណ៍​នេះ​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​ សហប្រជាជាតិ​នៅ​ពេល​ខាង​មុខ​នេះ។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នៅ​ឯ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា បញ្ហា​រំលោភ​ដីធ្លី​ភាគ​ច្រើន​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ។
លោក​បាន​បន្ត​ថា ៖ "ខ្ញុំ​យល់​ឃើញ​ថា ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី មិន​គួរ​យក​ក្រមព្រហ្មទណ្ឌ​មក​ធ្វើ​ជា​ដំណោះ​ស្រាយ​នោះ​ទេ​នៅ​ពេល​ បច្ចុប្បន្ន​នេះ មាន​ដូច​ជា​បទ​បរិហារ​កេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ អ្នក​កាន់​មុខ​តំណែង​សាធារណៈ​គួរ​តែ​មាន​ឆន្ទៈ​ទទួល​យក​មតិ​រិះគន់​ចំពោះ​ សេចក្ដី​សម្រេច​របស់​ខ្លួន"
អនុប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​នេះ លោក​មិន​អាច​ទទួល​យក​បាន​ទេ ៖ «គាត់​ទៅ​ស្ដាប់​តែមួយ​ចំហៀង​ទេ។  គួរ​ជម្រាប​ជូន​ថា សិទ្ធិ​សម្ដែង​មតិ​នៅ​កម្ពុជា​ហ្នឹង​ទូលាយ​ណាស់​ទៅ​ហើយ យើង​ប្រៀបធៀប​មើល​នៅ​ប្រទេស​គេ​ផ្សេងៗ សូម្បី​តែ Internet website គេ​អត់​មាន​ផង។ យើង​អនុវត្ត​ច្បាប់ គាត់​ថា ហ្នឹង​រួម​តូច​ចង្អៀត ដល់​ពេល​យើង​មិន​អនុវត្ត​ច្បាប់ គាត់​ថា ហ្នឹង​មិន​គោរព​នីតិរដ្ឋ»
ផ្ទុយ​ពី​ជំហរ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី ៖ «ខ្ញុំ​សង្ឃឹម​ថា លោក ស៊ូប៊ែឌី នឹង​បញ្ជូន​សារ​នេះ​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ ក៏​ដូចជា​សហគមន៍​អន្តរជាតិ ព្រម​ទាំង​ប្រទេស​មហា​អំណាច​ធំៗ ត្រូវ​តែ​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល ធ្វើ​យ៉ាង​ម៉េច​ដើម្បី​រក​មធ្យោបាយ ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ»
ទាក់ទង​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នេះ ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licahdo) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក មាន​មនុស្ស​ជាច្រើន​បាន​រង​ការ​ប្ដឹង​ក្រោម​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត នៅ​ក្នុង​នោះ​មាន​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មេដឹកនាំ​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក លោក ហង្ស ចក្រា សកម្មជន​សិទ្ធិ​មនុស្ស លោក សំ ច័ន្ទគា និង​បុគ្គលិក​នៃ​អង្គការ​ស្បៀង​អាហារ​ពិភពលោក លោក សេង គុណកា៕

ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ខ្មែរ-​ថៃ​ស្ងប់ស្ងាត់

2011-02-24
លោក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ​ថា ការ​ប្រយុទ្ធ​គ្នា​​រវាង​កង​ទាហាន​ខ្មែរ-​ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​បាន​ស្ងប់ស្ងាត់ ក៏​ប៉ុន្តែ​កម្លាំង​ទាហាន​ខ្មែរ និង​ថៃ នៅ​តែ​ត្រៀម​ខ្លួន​ប្រយុទ្ធ​នៅ​តាម​លេណដ្ឋាន​នៅ​ឡើយ​ទេ។

RFA/Hang Savyouth
ទាហាន​ខ្មែរ​ប្រចាំ​ការពារ​ព្រំដែន​នៅ​តំបន់​ ប្រាសាទ​ព្រះវិហារ ជីក​លេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១១។
មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​រំឭក​ថា ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​បញ្ជា​មិន​ ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​ទេ លើក​លែង​តែ​កងទ័ព​ថៃ បាន​ផ្ទុះ​អាវុធ​មុន ហើយ​បំពាន​មក​លើ​កម្ពុជា។
លោក ឈុំ សុជាត មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «កម្លាំង​យើង​តាម​បទបញ្ជា ​សម្ដេច​តេជោ គាត់​មិន​ឲ្យ​ផ្ទុះ​អាវុធ​ទេ ដើម្បី​គោរព​បទ​ឈប់​បាញ់​គ្នា​ដែល​ទីក្រុង​ហ្សាកាតា លោក​​បាន​ប្រកាស​អ៊ីចឹង។ ប៉ុន្តែ​ក្នុង​នាម​ថា អ្នក​ដែល​ឈ្លានពាន អា​ហ្នឹង​យើង​សិទ្ធិ​ការពារ​ខ្លួន»
ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​ភ្នំ​ទ្រព្យ ចម្ងាយ​ប្រមាណ​ជាង ៤​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ប្រាសាទ​ព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ​នេះ ភាព​ស្ងប់ស្ងាត់​​មិន​ឮ​សំឡេង​ផ្ទុះ​អាវុធ​បាន​ចំនួន ៩​ថ្ងៃ​ហើយ បន្ទាប់​ពី​គេ​អះអាង​ថា កង​ទាហាន​ថៃ បាន​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ និង​បាញ់​កាំភ្លើង​ផ្លោង​ជា​ច្រើន​គ្រាប់​ចូល​ក្នុង​​ទឹក​ដី​ខ្មែរ​ចុង​ ក្រោយ កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ៖ «អត់​អី​ទេ​ពូ! អត់​អី​ទេ។ វា​នៅ​តាម​ត្រង់សេ ធម្មតា​ដូច​មុន តែ​យើង​វា​ធូរ​ជាង​មុន ធូរ​បាន ៧០% តែ​វា​មិន​បាន​ដូច​មុន​ទេ»
ចំណែក​ទាហាន​ខ្មែរ​ម្នាក់​ទៀត​ដែល​កំពុង​ប្រចាំ​ការពារ​នៅ​តំបន់​កំពូល​ ភ្នំ​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ បាន​ស្ងប់ស្ងាត់​មួយ​រយៈ​មក​នេះ ក៏​ប៉ុន្តែ​កង​ទាហាន​នៅ​តែ​ប្រុង​ប្រយ័ត្ន ហើយ​ត្រៀម​ប្រយុទ្ធ​នៅ​ឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ កងទ័ព​ខ្មែរ​នៅ​តែ​រឹត​បន្តឹង​ការពារ​សន្តិសុខ ដោយ​មិន​ទាន់​បើក​ចំហ​ឲ្យ​អ្នក​ទេសចរ​អាច​ឡើង​ភ្នំ​ទៅ​ទស្សនា​ប្រាសាទ​ ព្រះវិហារ​បាន​ដោយ​សេរី​នៅ​ឡើយ​ទេ។
មន្ត្រី​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ស្ងប់ស្ងាត់​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​នេះ គឺ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​បញ្ញត្តិ​ឲ្យ​កងទ័ព​ទាំង​អស់​ខំ​ អត់ធ្មត់​មិន​ផ្ទុះ​អាវុធ ដើម្បី​គោរព​លើ​បទ​ឈប់​បាញ់​គ្នា​ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា ប្រទេស​ថៃ ហាក់​បង្ហាញ​ឥរិយាបថ​​មិន​ទាន់​ទទួល​យក​បទ​ឈប់​បាញ់​គ្នា​នោះ​នៅ​ឡើយ​ទេ។
កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បាន​ដក​ស្រង់​សម្ដី​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​ប្រសាសន៍​ថា ប្រទេស​ថៃ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រើ​កម្លាំង​កងទ័ព​ប្រឆាំង​នឹង​ កម្ពុជា ប្រសិន​បើ​កម្ពុជា នៅ​តែ​បន្ត​រំលោភ​ចូល​បូរណភាព​ទឹក​ដី​ថៃ។
លោក អាភីស៊ិត បាន​មាន​ប្រសាសន៍​ថា រវាង​កម្ពុជា និង​ថៃ មិន​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ មិន​អាច​ការពារ​បូរណភាព​ទឹក​ដី​បាន​នោះ​ទេ គឺ​មាន​ន័យ​ថា ប្រសិន​បើ​កម្ពុជា បង្ក​​នូវ​ការ​ប៉ះទង្គិច​ដោយ​យោធា​នៅ​ពេល​អនាគត ប្រទេស​ថៃ មាន​សិទ្ធិ​តបត​វិញ។
លោក ប្រាយុត ចាន់អូចា (Prayuth Chan-ocha) មេបញ្ជាការ​យោធា​ថៃ បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ដក​កងទ័ព​ថៃ ណា​មួយ​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​នៅ​ឡើយ​ទេ គឺ​កងទ័ព​ថៃ នៅ​តែ​ដាក់​នៅ​តាម​ព្រំដែន-​ថៃ ដែល​ភាគី​ថៃ​អះអាង​ថា ជា​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ តែ​កម្ពុជា ធ្លាប់​បាន​បដិសេធ​ជា​ញឹកញាប់​ថា គ្មាន​តំបន់​ជម្លោះ​៤,៦​គីឡូម៉ែត្រ​ការ៉េ​​អ្វី​ទេ តំបន់​នៅ​ជិត​ប្រាសាទ​ព្រះវិហា គឺ​ជា​ទឹក​ដី​ខ្មែរ​ពេញ​ច្បាប់៕